សូមបញ្ឈប់ ជាបន្ទាន់សម្រាប់ការប្រើប្រាស់ថ្នាំសម្រាប់មនុស្ស សម្រាប់ព្យាបាលមាន់ដែលចិញ្ចឹមយកសាច់និងស៊ុតតាមផ្ទះ
ឃើញមានការចែករំលែកតាមបណ្តាញសង្គមថ្មីៗនេះ ពីការប្រើប្រាស់ថ្នាំមួយចំនួនដែលសម្រាប់ព្យាបាលមនុស្ស ទៅឲ្យមាន់ផឹក
ក្រោមហេតុផលការងារកុំឲ្យឈឺ និងព្យាបាលជាដើម ។
តើបងប្អូនដឹងទេថា ហេតុអ្វីបានជាយើងមិនគួរ យកថ្នាំសម្រាប់ព្យាបាលមនុស្សទៅព្យាបាលមាន់ រឺសត្វផ្សេង?
១. កម្រិតថ្នាំ និងជាតិពុលឱសថ
មនុស្ស និងបក្សី មានទំហំខ្លួនខុសគ្នា បរិមាណថ្នាំរបស់មនុស្សត្រូវបានផលិតតម្រូវលើការព្យាបាលតែមនុស្ស ហើយសរីរាង្គខាងក្នុងមួយចំនួនក៏មិនដូចគ្នាដែរ ការប្រើដូចនេះ នាំឲ្យមាន់អាចខូចសរីរាង្គខាងក្នុង រឺពុលថ្នាំបាន។
២. សុវត្ថិភាពចំណីអាហារ
ការប្រើប្រាស់ថ្នាំ ព្យាបាលមិនត្រឹមត្រូវ វានាំឲ្យមានសំណល់សារធាតុថ្នាំនៅក្នុងសាច់ និងស៊ុតរបស់មាន់ ហើយពេលមនុស្សហូប នឹងមានឱកាសស្រូបយកសារធាតុទាំងនោះចូលក្នុងខ្លួនដូចគ្នា។
* ការស្រូបយក សំណល់សារធាតុថ្នាំក្នុងសាច់ ចូលបន្តិចម្តងៗ ដល់កម្រិតមួយអាចធ្វើឲ្យរាងកាយស៊ាំនឹងថ្នាំ ដែលកាត់បន្ថយប្រសិទ្ធភាពព្យាបាលពេលយើងឈឺពិតប្រាកដ ។
មុននឹងបន្តទៅមើលចំណុចសំខាន់ៗ សូមជួយចែករំលែកវីដេអូនេះឲ្យបានច្រើនផង!
៣. ភាពស៊ាំឱសថ
ទោះថ្នាំសត្វ ក៏ត្រូវតែមានការអនុញ្ញាត និងការណែនាំពីមន្ត្រីជំនាញ ដើម្បីធានាថាថ្នាំទាំងនោះ អាចប្រើប្រាស់សម្រាប់ព្យាបាលសត្វបាន ដោយសារការប្រើប្រាស់ខុស ធ្វើឲ្យមេរោគ រឺបាក់តេរីមួយចំនួនវាស៊ាំនឹងថ្នាំដែលប្រើនាំឲ្យវាអាចបំលែងខ្លួន លែងខ្លាចថ្នាំ រឺនិយាយបានថាកាន់តែសាហាវជាងមុន ។
ត្រូវចាំថាបច្ចុប្បន្ន ជំងឺលើសត្វមាន់មួយចំនួន អាចឆ្លងមកមនុស្ស !
បញ្ហានេះ គឺប៉ះពាល់ខ្លាំងណាស់ ដល់ពេលដែលយើង ជាកសិករត្រូវរួមគ្នាដោះស្រាយ និងគិតចាប់ផ្តើម នាំគ្នាកែទំលាប់ចាស់ ងាកមកសម្របខ្លួនរៀនពីវិធីចិញ្ចឹម និងថែទាំថ្មី ទំនើប ស្របតាមស្តង់ដារ ដើម្បីធានាបានថា មាន់មានសុខភាពល្អ សាច់និងស៊ុតដែលផលិតបានមិនមានសំណល់សារធាតុថ្នាំ។
ម៉្យាងវិញទៀត ខ្ញុំក៏ជឿជាក់ថាអ្នកមើលមួយចំនួន ពិតជាគិតថាមាន់ស្រែ រឺមាន់ចិញ្ចឹមតាមផ្ទះ គឺពិតជាបានចិញ្ចឹមតាមបែបធម្មជាតិ មិនត្រូវបានប្រើថ្នាំព្យាបាលផ្តេសផ្តាស់ នោះទេ ទើបហ៊ានទិញក្នុងតម្លៃថ្លៃយកមកបរិភោគ។
ក្រោយពីស្តាប់ហេតុផលដែលខ្ញុំលើកឡើងពីខាងដើម ខ្ញុំមានសំនួរមួយសួរទៅអ្នកទាំងអស់គ្នា
បើកសិករចិញ្ចឹមមាន់ នាំគ្នាប្រើប្រាស់ ការព្យាបាល ដោយប្រើប្រាស់ថ្នាំមនុស្ស លើមាន់ដែលបងប្អូននឹងទិញយកមកហូប តើអ្នកទាំងអស់គ្នាហ៊ានហូបដែររឺទេ?