គំនិតខ្លះៗ ពីការធ្លាក់ថ្លៃពងទា ក្នុងស្រុកធ្លាក់ថ្លៃ

By

រឿងពងទាចុះថ្លៃប៉ុន្មានថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់ រឿងជ្រូក និងមាន់សាច់ ពេលលក់បានតម្លៃទាប កសិករខាតហើយសុំក្រសួងពាក់ព័ន្ធឲ្យជួយ ដល់ពេលក្រសួងសុំឲ្យផ្តល់ទិន្នន័យ ដូចជាទីតាំងកសិដ្ឋាន និងចំនួនឲ្យច្បាស់លាស់ យើងជាកសិករយកមកគិត ថាគួរប្រាប់ ឬមិនប្រាប់?

[ គន្លឹះវានៅកន្លែងហ្នឹង! ]

តែកាលណាមន្ត្រីលោកមិនអាចទទួលបានទិន្នន័យច្បាស់លោក មិនអាចវាយតម្លៃនិងដាក់ជាយន្តការណ៍ កាត់បន្ថយការនាំចូលបានទេ ព្រោះបើគិតពីម៉ាក្រូសេដ្ឋកិច្ច ច្បាស់ណាស់គឺត្រូវគិតពីប្រយោជន៍អ្នកហូប (អ្នកប្រើប្រាស់ចុងក្រោយ)។ តែចង់មិនចង់ច្បាស់ណាបើមានទិន្នន័យច្បាស់លាស់ ធៀបតម្រូវការគឺត្រញវបិតអ្នកនាំចូលខ្លះ។

• តែធ្វើយ៉ាងណាដោះស្រាយពេល តម្លៃទីផ្សារកំពុងតែទាប ហើយពងទាកំពុងចាល់ពេញកសិដ្ឋាន?

ដំណោះស្រាយពេលខ្លី

កសិករអាចនាំគ្នាលក់មេទាចេញខ្លះ ស្មើរកាត់បន្ថយការផលិត​ ស្មើរនឹងការផ្គត់ផ្គង់ថយចុះបើតាមទ្រឹស្តីសេដ្ឋកិច្ច គឺតម្លៃនឹងប្រែប្រួលទៅជាវិជ្ជមាន​ និងអាចឲ្យកសិករបន្ថយការខាតបង់ភ្លាមៗបាន​។

ដំណោះស្រាយពេលវែង

ខ្ញុំមានជាគំនិតប៉ុន្មានចំនុចខាងក្រោម ដែលជាជំនួយស្មារតីដល់ក្រុមកសិករចិញ្ចឹមទាយកពងដើម្បីពិចារណា​ ក្នុងការអនុវត្តន៍ដើម្បីដោះស្រាយបញ្ហាតម្លៃក្នុងរយៈពេលវែង៖

1. កសិករបើចិត្ត ស្ម័គ្រចិត្តរៀបចំ ជាក្រុម ជាសហគមន៍ តាមតំបន់ដើម្បីគ្រប់គ្រងទិន្នន័យ ច្បាស់លាស់ និងរួមសហការណ៍ជាមួយមន្ត្រីជំនាញ គ្រប់គ្រងជំងឺ និងការផលិតដើម្បីឲ្យដឹងថាខែណាមានតម្រូវការខ្ពស់ និងខែណាមិនសូវមានតម្រូវការ។
ឧ. នៅវៀតណាម ពីថ្ងៃទី 25/12 ដល់ 20/1 ឆ្នាំនេះកសិករចិញ្ចឹមមាន់សាច់ គេអត់ដាក់កូនមាន់ចិញ្ចឹមទេ ព្រោះជាបទពិសោធន៍ បើគេដល់ថ្ងៃលក់ ចំពេលឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីវៀតណាម ចឹងតម្លៃច្បាស់ណាស់គឺលក់បានថោក។

2. ខាងពាណិជ្ជកម្ម លោកជួយខាងធ្វើទីផ្សារ ជួយឲ្យប្រជាជនស្គាល់មួយណាពងទាក្នុងស្រុក មួយណាពងទានាំចូល និងជួយផ្សព្វផ្សាយម៉ាកសញ្ញាបញ្ជាក់ (បង្កើនទំនុកចិត្តដល់អ្នកបរិភោគ) ដូចយើងធ្លាប់ឃើញខាង សាច់ជ្រូកជាតិ ម្រេចកំពត គាត់បានធ្វើកន្លងមក។

Image by u_8wex0u0gob from Pixabay

3. អ្នកជំនាញអាហាររូបត្ថម្ភ ជួយជំរុញការបរិភោគស៊ុត (សំបូរសារធាតុចិញ្ចឹម និងមានតម្លៃទាប បើធៀបនិងប្រភពអាហារផ្សេង)។

4. អ្នកជំនាញម្ហូប ចុងភៅ ឬម្ចាស់ភោជ្ជនីយដ្ឋាន ជួយបង្កើតអាហារដែលប្រើពងទា (ចិញ្ចឹមក្នុងស្រុក) ជាគ្រឿងផ្សំគោល ដែលជួយឲ្យបង្កើនតម្រូវការ។

5. បើអាចបង្វែរអ្នកនាំពងទាចូលពីប្រទេសចិត្តខាង មកជាអ្នកបោះដុំពងទាក្នុងស្រុកវិញកាន់តែល្អ ជាពិសេសបើកចិត្តស្តាប់យោបល់ពួកគាត់ ចំណុតខ្វះខាត របស់ពងទាក្នុងស្រុក និងការធ្វើអាជីវកម្មជាមួយកសិករក្នុងស្រុក។ ពួកគាត់រកទទួលទានចង់ចំណេញ ឯកសិករក៏ចង់ចំណេញ ម្តេចមិនរកចំណុចកណ្តាលរកចំណេញរួមគ្នា? ហេតុអ្វីជាតិសាសន៍តែមួយនិយាយគ្នាមិនត្រូវ?

អត្ថបទនេះខ្ញុំសរសេរចេញពីគំនិតផ្ទល់ខ្លួនខុសត្រូវយ៉ាងណា សូមជួយជាធាតុចូលតាម Comment ខាងក្រោម។

Share This Article